គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Harvest III : បេសកកម្មបានសម្រេចសម្រាប់ក្រុមហ៊ុនខនហ្វីរេល

កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / កសិកម្ម / Author : ATH Sokren

ជ្រើសរើសកាលពីឆ្នាំ២០២៣ ដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអាមេរិកនៃអង្គការ USAID ឱ្យចូលរួមក្នុងកម្មវិធី Harvest III  បង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍការន៍ផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ក្រុមហ៊ុនខនហ្វីរេលបានសម្រេចជាស្ថាពរនូវកិច្ចសន្យាទាំងឡាយរបស់ខ្លួន។

កិច្ចសន្យាទាំងនោះមានបួនចំណុចៈ  ការបង្កើតផលិតផលថ្មីៗ និងបង្កើតខ្សែសង្វាក់ផលិតកម្មថ្មី ពង្រឹងគុណភាពសុវត្ថិភាពចំណីអាហារនៅផ្នែកផលិតរបស់ខ្លួន ចូលរួមចំណែកបណ្តុះបណ្តាលកសិករខ្មែរមុន និងក្រោយការផលិតផ្នែកម្រេច ស្ករត្នោត ស្វាយ និងកាកាវ និងបានចុះហត្ថលេខាលើកិច្ចសន្យាទទួលទិញជាមួយកសិករ និងសមាគមអ្នកផលិត។

ក្នុងចំណោមសមិទ្ធផលដែលទទួលបានមានដូចជា ការបំពាក់សង្វាក់ផលិតកម្មសម្រាប់ស្ករសូកូឡាដែលជំរុញឱ្យក្រុមហ៊ុនខនហ្វីរេលសហការជាមួយក្រុមហ៊ុន Marou ដែលជាអ្នកផលិតស្ករសូកូឡានៅប្រទេសវៀតណាម និងដែលមានកេរ្តិ៍ឈ្មោះល្បីនៅអឺរ៉ុប។ កិច្ចសហការនេះគឺសំដៅផលិតស្ករសូកូឡានៅប្រទេសខ្មែរជាមួយនឹងគ្រាប់កាកាវដាំនៅក្នុងស្រុកសម្រាប់លក់នៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយផ្តល់ឱកាសបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនដើម្បីឈានទៅបង្កើនគុណភាពផលិតផល។ ដើម្បីសម្រេចគម្រោងនេះបាន ក្រុមហ៊ុនបានចាប់ផ្តើមដាំដើមកាកាវរាប់ពាន់រាប់ម៉ឺនដើមនៅឆ្នាំនេះ និងមានគម្រោងពង្រីកការដាំដុះឱ្យបានរហូតដល់មួយលានដើមក្នុងអំឡុងពេលប្រាំឆ្នាំខាងមុខនេះ។ គោលបំណងនៃគម្រោងគឺដើម្បីផ្គត់ផ្គង់គ្រាប់កាកាវឱ្យបានកាន់តែច្រើន និងបង្កើតការងារដល់កសិករខ្មែរ។

ក្រុមហ៊ុនក៏បានកែច្នៃផលិតផលថ្មីៗផ្សេងទៀតចេញពីផ្លែស្វាយ មានទាំងស្វាយរមូរ និងស្វាយចំណិត ដោយប្រើផលិតផលស្វាយ៥០០តោនក្នុងមួយឆ្នាំ។ បើទោះបីជាតួលេខនេះនៅមានកម្រិតទាបក៏ដោយ តែវាគ្រាន់តែជាការចាប់ផ្តើមដំបូងនៃគម្រោងសាកល្បងប៉ុណ្ណោះ ដែលគម្រោងនេះចង់វិវត្តឱ្យបានរហូតដល់១០០០តោននៅអំឡុងពេលបីឆ្នាំខាងមុខនេះ។

ចំណុចសំខាន់នៃកម្មវិធី Harvest III គឺផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានសរីរាង្គ និង ISO 22000។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ឱ្យក្រុមហ៊ុនខនហ្វីរេលត្រៀមខ្លួនសម្រាប់សវនកម្ម ធ្វើដូច្នេះគឺធានាបាននូវការគោរពតាមស្តង់ដារនៅទីផ្សារអឺរ៉ុប។

លើសពីនេះទៅទៀត បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសរីរាង្គពីប្រទេសកូរ៉េ អត្រានៃការលក់ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលនៅតាមហាងលក់ផលិតផលសរីរាង្គកូរ៉េបានកើនឡើង។ ម្យ៉ាងវិញទៀត ជំនួយរបស់កម្មវិធី Harvest III  ក៏បានជួយឱ្យក្រុមហ៊ុនខនហ្វីរេលស្វែងរកទីផ្សារនៅប្រទេសអាមេរិកជាមួយនឹងការបញ្ជាទិញជាលើកដំបូងរបស់ភ្ញៀវមួយចំនួនធំ។

ការសម្រេចបានផែនការរបស់កម្មវិធី Harvest III ធ្វើឱ្យក្រុមហ៊ុនខនហ្វីរេលអាចអះអាងថាខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា ទាំងអស់នេះបានមកដោយសារគំនិតច្នៃប្រឌិត ការធានាគុណភាពផលិតផល និងការគោរពតាមស្តង់ដារអន្តរជាតិ គឺជាការចូលរួមចំណែកពង្រឹងបេសកកម្មរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់កសិករក្នុងស្រុកផង និងពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារអន្តរជាតិផង។

បើតាមការគ្រោងទុក កម្មវិធី Harvest III មានរយៈពេលប្រាំឆ្នាំ ប៉ុន្តែការផ្អាកជំនួយដល់ការអភិវឌ្ឍន៍អន្តរជាតិ និងការបិទអង្គការ USAid ដែលប្រកាសដោយរដ្ឋាភិបាលរបស់លោក Donald Trump ធ្វើឱ្យផែនការត្រូវផ្លាស់ប្តូរ។ ដោយសម្រេចបេសកកម្មបានដោយជោគជ័យ ក្រុមហ៊ុនខនហ្វីរេលនឹងមិនទទួលផលប៉ះពាល់ពីសេចក្តីសម្រេចនេះឡើយ៕